Friday, October 20, 2017

ជីវប្រវត្តិរបស់ព្រះសពព្រះគ្រូ ញាណសារោ ហេង គឹមហុន អតីតចៅអធិការវត្តពន្លៃ វិន័យធរអនុគណស្រុកបរិបូណ៍ និងជាប្រធានសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំង

ជីវប្រវត្តិរបស់ព្រះសពព្រះគ្រូ ញាណសារោ ហេង គឹមហុន អតីតចៅអធិការវត្តពន្លៃ វិន័យធរអនុគណស្រុកបរិបូណ៍ និងជាប្រធានសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំង


   ព្រះតេជគុណ ហេង គឹមហុន ប្រសូតិថ្ងៃ ចន្ទ ខែ ភទ្របទ ឆ្នាំ រោង ព.ស ២៥០៧ ត្រូវនឹងថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៦២ នៅភូមិ ស្វាយគយ ឃុំ ពន្លៃ ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង ។
   ជាបុត្របង្កើតរបស់លោកតា ឌុច ហេង លោកតា បានធ្វើមរណកាលនៅក្នុងឆ្នាំ ១៩៧២ ក្នុងជន្មាយុ ៤២ ឆ្នាំ និងលោកយាយ សឹង្ហ គិន មរណកាលឆ្នាំ ១៩៧២ ក្នុងជន្មាយុ ៤២ ឆ្នាំ ដូចគ្នា ។ ដែលក្នុងពេលនោះ ព្រះអង្គ ទើបតែមានអាយុ ៨ ឆ្នាំប៉ុណ្ណោះ ។ ព្រះអង្គមានបងប្អូនចំនួន ៥ នាក់, ប្រុស ៣ នាក់, ស្រី ២ នាក់៖
                              -បងប្រុសទី១ ឈ្មោះ ឌុច សាវន ស្លាប់ឆ្នាំ ១៩៦៧ ក្នុងជន្មាយុ ១៨ ឆ្នាំ ។
                              -បងប្រុសទី២ ឈ្មោះ ឌុច ហៀង ឬ ហេង ប៊ុនហៀង មានឋានៈជាជំទប់ទី១ និងជាសមាជិកក្រុមប្រឹក្សាឃុំពន្លៃ និងជាអតីតមន្ត្រីការិយាល័យហិរញ្ញវត្ថុស្រុកបរិបូណ៍ ផងដែរ ។
                              -បងប្រុសទី៣ ឈ្មោះ ឌុច ហឿង ស្លាប់ឆ្នាំ ១៩៦៨ ក្នុងជន្មាយុ ១៣ ឆ្នាំ ។
                             -ទី៤ គឺរូបព្រះអង្គផ្ទាល់ ដែលកាលណោះ មានឈ្មោះថា ផុន គឹមហុន លុះដល់សាងព្រះផ្នួស ទើបប្ដូរព្រះនាមមកជា ហេង គឹមហុន វិញ រហូតដល់សព្វថ្ងៃ ។
                              -ទី៥ ប្អូនស្រី ឈ្មោះ ឌុច សុរ័ត្ន ស្លាប់ឆ្នាំ ១៩៧៦ ក្នុងសម័យ ប៉ុល ពត ក្នុងជន្មាយុ ៤ ឆ្នាំ ។
   កុមារ ហេង គឹមហុន អាយុបាន ៦ ឆ្នាំ ឳពុកម្ដាយបានបញ្ជូនឱ្យទៅរៀននៅសាលាបឋមសិក្សាបំពេញវិជ្ជាពន្លៃ ក្នុងឆ្នាំ ១៩៧២ តែអកុសលអាក្រក់ នៅខែ មេសា និង ឧសភា ១៩៧២ ឳពុកម្ដាយ របស់កុមារ ហេង គឹមហុន បានទទួលអនិច្ចកម្មទាំងពីរនាក់ ក្នុងរយៈពេលតែ១ខែ ។ កាលណោះ ប្រទេសជាតិស្ថិតក្នុងសង្គ្រាមផ្ទៃក្នុងយ៉ាងវឹកវរ ធ្វើឱ្យការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ហើយការសិក្សារបស់កុមារ ហេង គឹមហុន ត្រូវ បានអាក់ខាន ហើយកម្រិតសិក្សាបានត្រឹមថ្នាក់ទី១១ ចាស់ ស្មើថ្នាក់ទី២ ថ្មី បច្ចុប្បន្នប៉ុណ្ណោះ ។
   លុះដល់ថ្ងៃទី ១៧ មេសា ១៩៧៥ ត្រូវរបប ប៉ុល ពត បង្ខិតបង្ខំឱ្យចាកចេញពីស្រុកកំណើត ទៅរស់នៅក្នុងព្រៃភ្នំ ។ ក្នុងសម័យ ដ៏ខ្មៅងងឹតនោះ កុមារ ហេង គឹមហុន រួមនិងមាមីងបងប្អូនក៏ដូចជាប្រជាជនទូទាំងប្រទេសសុទ្ធតែត្រូវានាពួក ប៉ុល ពត ចាត់ទុកជាទាសករដាច់ថ្លៃ  ដោយបង្ខំឱ្យធ្វើការបាក់កម្លាំង ហូបមិនឆ្អែត គ្មានថ្នាំព្យាបាលជម្ងឺ និង ត្រូវសម្លាប់ចោលដោយគ្មានការតវ៉ា និងរកយុត្តិធម៌ឱ្យ ។ ដោយឡែក កុមារ ហេង កឹមហុន ត្រូវបានពួកវាបញ្ជូនទៅធ្វើការក្នុងកងចល័ត ក្នុងឃុំពេជ្រចង្វា ក្នុងការដ្ខានលើកភ្លឺស្រែ ស្រែពីរដង បន្ទាយធ្លកជាដើម...។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យុវជន ហេង គឹមហុន បានត្រឡប់មករស់នៅក្នុងភូមិស្រុក ភូមិ ស្វាយគយ ឃុំ ពន្លៃ ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង  ដែលជាស្រុកកំណើតវិញ ហើយបានចូលរួមបង្ករបង្កើនផលជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋ ដោយមានសេចក្ដីសុខមួយកម្រិត ។
   នៅឆ្នាំ ១៩៨០ យុវជន ហេង គឹមហុន បានចូលរួមបម្រើកងទ័ពអង្គភាពអគ្គភ័ស្ដភារយោធាមជ្ឈិម ដែលមានលោក អ៊ុំ ម៉ៃ, លោក អ៊ុំ គង់ និង លោក តាន់ ថាណា (ហៅ ឃី) ជាប្រធានអង្គភាព ។ លុះដល់ឆ្នាំ ១៩៨៧ យុវជន ហេង គឹមហុន បានលាចាកពីអង្គភាពខាងលើ មកបម្រើការងារក្នុងនគរបានខេត្តកំពង់ឆ្នាំងវិញ ហើយប្រចាំការនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ៥ មានប៉ុស្ដិ៍ ដើមជ្រែ ប៉ុស្ដិ៍ដំរីស និងប៉ុស្ដិ៍ផ្សារត្រាចជាដើម ។ ចុងឆ្នាំ១៩៨៨ បានចាកចេញពីអង្គភាពនគរបាលខេត្តកំពង់ឆ្នាំង មកធ្វើជាប្រជារាស្ត្រសាមញ្ញវិញ ។ ដោយមាននិស្ស័យចំពោះព្រះពុទ្ធសាសនា យុវជន ហេង គឹមហុន បានចូលថ្វាយខ្លួនជាឧបាសកនៅ វត្តពន្លៃ ដើម្បីរៀនសូត្រព្រះធម៌វិន័យ ដែលមានលោកអ៊ុំអាចារ្យ ថោង ធី និងព្រះសង្ឃមួយចំនួនជាអ្នកបង្ហាត់បង្រៀន ។ លុះបានចេះចាំធម៌វិន័យល្មមអាចសាងផ្នួសបាន លោកអ៊ុំអាចារ្យ ថោង ធី បានផ្ដួចផ្ដើមបំបួសកុលបុត្រឈ្មោះ ហេង គឹមហុន ឱ្យឡើងជាភិក្ខុភាវៈក្នុងពទ្ធសីមាវត្តពន្លៃ ដែលមានព្រះតេជគុណ ម៉ៅ ព្រៃ ព្រះមេគណខេត្តកំពង់ឆ្នាំង ជាព្រះឧបជ្ឈាយ៍ បាននិមន្តព្រះគ្រូ បណីតធម្មោ និងព្រះគ្រូ វិរយត្ថេរោ ជាព្រះឧបសម្បទាចារ្យ នៅថ្ងៃ ១៤ កើត ខែ មាឃ ឆ្នាំ ម្សាញ់ ឯកស័ក ព.ស ២៥៣២ ត្រូវនឹងថ្ងៃទី ១៧ កុម្ភៈ (កក្កដា) ១៩៨៩ ។ ព្រះឧបជ្ឈាយ៍ឱ្យនាមឧបសម្បទាបេក្ខថា ញាណសារោ ប្រែថា មានបញ្ញាឆ្ពោះត្រង់ ។ ក្រោយពីបានរៀនសូត្រគម្ពីដីកាផ្សេងៗ នៅវត្តពន្លៃមក ព្រះអង្គក៏បានចូលរៀននៅសាលាពុទ្ធិកបឋមសិក្សាវត្តខ្សាម រយៈពេល៣ឆ្នាំ ហើយព្រះអង្គក៏បានប្រឡងជាប់វិញ្ញាបនបត្រសាលាបឋមសិក្សា ឬសាលាបាលីរង ។ រយៈពេលដែលកំពុងតែសិក្សាភាសាបាលីនោះ ព្រះអង្គក៏បានសិក្សាទន្ទេញភិក្ខុបាតិមោក្ខចេះចាំយ៉ាងស្ទាត់ជំនាញ ។ ដោយមានភាពវៃឆ្លាតរបស់ព្រះអង្គផ្នែកព្រះវិន័យ និងការដឹកនាំ, មន្ត្រីសង្ឃខេត្តកំពង់ឆ្នាំង បានមើលឃើញពីសមត្ថភាព មនសិការ និងចក្ខុវិស័យចំពោះព្រះពុទ្ធសាសនា ក៏បានតែងតាំងភិក្ខុ ហេង គឹមហុន ឱ្យឡើងជាវិន័យធរអនុគណស្រុកបរិបូណ៍ តាមសញ្ញាបត្រគណៈសង្ឃព្រះពុទ្ធសាសនា លេខ ២៨២៨ ក.ស.រ.វ ចុះថ្ងៃទី ២៤ វិច្ឆិកា ព.ស ២៥៤២ គ.ស ១៩៩៨ និងឡើងធ្វើជា ចៅអធិការវត្តពន្លៃ នៅថ្ងៃទី ១៧ ធ្នូ ១៩៩៨ ។ ព្រះមានតួនាទី ជាអ្នកកាត់ក្ដីនិងរម្ងាប់អធិករណ៍ផ្សេងៗ ។

   ក្នុងពេលបំពេញបេសកកម្មជាមន្ត្រីសង្ឃស្រុកបរិបូណ៍ រយៈពេល ១៥ ឆ្នាំ លើការងារដឹកនាំព្រះសង្ឃ ពុទ្ធបរិសទ្យ ការងារកសាង ការអភិវឌ្ឍន៍ពុទ្ធសាសនា ការអប់រំក្រៅប្រព័ន្ធ និងការអភិវឌ្ឍន៍សង្គម ព្រះអង្គបានទទួលនូវប័ណ្ណសរសើរពីស្នព្រហស្ថរបស់ព្រះអង្គពីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជាច្រើនបន្តបន្ទាប់ ។ ផ្សេងពីនេះទៀត ព្រះអង្គក៏ត្រូវបានសមាគមមនុស្សចាស់កម្ពុជា ផ្ដល់ឋានៈដល់ព្រះអង្គជាប្រធានសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំង ទៀតផង ។ ក្រោយមកទៀត ព្រះអង្គត្រូវបាន អង្គការ ពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ តែងតាំងព្រះអង្គជាប្រធានអង្គការ ពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ មណ្ឌលពន្លៃ ។
   ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកយាយ លោកតា ឧបាសក ឧបាសិកា បងប្អូន និងក្មួយៗទាំងឡាយជាទីគោរព..! ព្រះតេជគុណ ហេង គឹមហុន ព្រះអង្គបានដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃ និងពុទ្ធបរិស័ទជិតឆ្ងាយចូលរួមកសាងសមិទ្ធិផលព្រះពុទ្ធសាសនាជាច្រើនដូចជា៖ ព្រះវិហារ, កុដិ, ឧបដ្ឋានសាលា, របង, ក្លោងទ្វារ, អណ្ដូងទឹក, ដងទង់, ស្រះទឹក, ផ្លូវថ្នល់, ស្ពាន, វច្ចកុដិ(បង្គន់អនាម័យ), ឈាបនដ្ឋាន, រូបចម្លាក់ពុទ្ធប្បវត្តិ, មន្ទីរពេទ្យ, សាលារៀន, សាលាសំណាក់...និង ពង្រីទីធ្លាវត្តពន្លៃ ឱ្យធំទូលាយ ព្រមទាំងបានជួយកសាងនៅតាមបណ្ដាវត្តនានាក្នុងស្រុកបានល្អបំផុត ។

   អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនោះ  គឺព្រះវិហារដ៏ស្កឹមស្កៃមានក្បូរក្បាច់រចនាល្អ ប្លែកៗ ដែលទាំងអស់នោះ ជារចនាបថរបស់ខ្មែរយើងសុទ្ធសាធ ។ ព្រះវិហារនេះ បានចាប់ផ្ដើមកសាង ពីឆ្នាំ១៩៨៩ បន្តពីខឿនព្រះវិហារចាស់ ។

   នៅឆ្នាំ ១៩៩៦ ព្រះវិហារដ៏ស្កឹមស្កៃនេះ ក៏បានកសាងរួចជាស្ថាពរ ក្រោមការជួយឧបត្ថម្ភក៍ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកា ពុទ្ធបរិស័ទ សប្បុរសជន ក្នុង និងក្រៅប្រទេស អស់ទឹកប្រាក់ជាង ៣០០រយលានរៀល ហើយបានធ្វើពិធីបញ្ចុះខណ្ឌសីមានៅឆ្នាំ ១៩៩៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី១ ។

   ជាស្នាព្រហស្ថ ក្នុងសំណូមពររបស់ព្រះតេជគុណ ហេង គឹមហុន សម្ដេច ហ៊ុន សែន បានផ្ដល់នូវអគារសិក្សា ផ្នែកបឋមសិក្សានិងវិទ្យាល័យ ចំនួន ១២ ខ្នង រួមនឹងសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តពន្លៃ១ខ្នងផង ។ ក្រៅពីការកសាងសមិទ្ធីផលក្នុងវត្ពន្លៃ ព្រះអង្គបានដឹកនាំមន្ត្រីសង្ឃស្រុកបរិបូណ៌ រៀបចំកសាងអាស្រមចាស់មួយកន្លែង ដែលមានឈ្មោះថា (អាស្រមធម្មនាទវ័ន) ប្រែថា ព្រៃប្រគំដោយសម្លេងព្រះធម៌ ដែលត្រូវបានបោះបង់ចោលតាំងពីបរមបុរាណ ហើយកែប្រែទីនោះ ឱ្យក្លាយទៅជារមណីយដ្ឋានបដិបត្តិធម៌យ៉ាងសុខុមចិត្ត ។ ដែលមានទីតាំងនៅភូមិ ថ្មី ឃុំ ផ្សារ ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង , សម្រាប់ព្រះសង្ឃ ឧបាសក ឧបាសិកា លោកយាយ លោកតា ចូលទៅធ្វើសមាធិ ឬ វិបស្សនាធុរៈ រម្ងាប់អារម្មណ៍ផ្លូវចិត្ត ។ ម្យ៉ាងទៀត គឺព្រះអង្គចង់អភិរក្សព្រៃឈើ ដែលសេសសល់ពីការកាប់បំផ្លាញ នឹងដាំឡើងវិញនូវកូនឈើដែលមានសារៈប្រយោជន៍នៅទីនោះ ព្រមទាំងបានជីកអណ្ដូងទឹកចំនួន៤ កន្លែង ជីកស្រះមួយកន្លែង ជួសជុលទីសាឡុមចាស់សម្រាប់ដាក់តម្កល់រូបបដិមា កសាងឧបដ្ឋានសាលាពីឈើ១ខ្នង រួមនឹងតូបសម្រាប់សីលវ័ន សីលវតីស្នាក់អាស្រ័យ ដោយមានការជួយឧបត្ថម្ភក៍ពីសប្បុរសជន ក្នុងនិងក្រៅប្រទេស ។ ក្រៅពីនោះ ព្រះអង្គបានរៀបចំអាស្រមចាស់ មួយកន្លែងទៀត ដែលមានឈ្មោះថា អាស្រមដូនអាត់ ហៅ វត្តចាស់ សព្វថ្ងៃ ដោយបានកសាងនូវកុដិ ឈើ១ខ្នង ឈាបនដ្ឋានមួយកន្លែង អណ្ដូងទឹក ២ កន្លែង សាលារៀនធ្វើអំពីឈើ១ខ្នង និងស្ពានថ្មមួយកន្លែង ដែលមានទីតាំងនៅភូមិ អូរ ឃុំពន្លៃ ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង យើងនេះ ។ ដោយឡែក នៅស្រុករលាប្អៀរ ឃុំ ប្រស្និប ព្រះអង្គបានដឹកនាំព្រះសង្ឃវត្តពន្លៃ និងវត្តប្រស្និប កសាងសាលាឆាន់១ខ្នងអំពីថ្មប្រក់ក្បឿង កុដិថ្ម១ខ្នង បង្គន់អនាម័យ២បន្ទប់ និងជួសជុលផ្លូវលំមួយខ្សែប្រវែង ២៥០០ម ដែលឧបត្ថម្ភក៍ដោយមហាឧបាសក ជួន ប៊ុនឈឺន និងភរិយា នៅអូស្ត្រាលី ។ មិនតែប៉ុណ្ណោះ ក្រៅពីការកសាងសមិទ្ធិផលធំៗក្នុងព្រះពុទ្ធសាសនា ព្រះអង្គនាំបរិស័ទធ្វើកឋិនទាន អង្គផ្កា ដង្ហែទៅកាន់វត្តនានាក្នុងនិងក្រៅស្រុកថែមទៀតផង ។







ចំពោះការងារសង្គមផ្នែកអាណាចក្រ

   នៅឆ្នាំ១៩៩០ ព្រះអង្គបានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទ ជួសជុលផ្លូវលំមួយកន្លែង ក្នុងកំណាត់ភូមិ ស្វាយគយ និងភូមិជើងខ្នារ បានប្រវែង ២៥០០ម ព្រះអង្គបានបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គចំនួន ៦៣០.០០០៛ ដើម្បីរួមចំណែកក្នុងការជួសជុលផ្លូវលំពន្លៃ ពេជ្រចង្វា ជួសជុលផ្លូវលំភូមក្រវៀក ស្វាយគយ និងផ្លូវអ្នកតាបល្ល័ង្គ បានប្រវែង ២០០០ម ជីកអណ្ដូងទឹកមួយកន្លែងទៀត នៅឡទឹកត្រី ឃុំ ឆ្នុកទ្រូ ដែលឧបត្ថម្ភដោយ ឧបាសិកា ទី ចាន ធ្វើសាលាសំណាក់ ២កន្លែង ។ ដឹកនាំព្រះសង្ឃកសាង អគារសិក្សាពីឈើ និងថ្ម រៀបចំសួនច្បារ និងប្រព័ន្ធស្រោចស្រពក្នុងវិទ្យាល័យ ហ៊ុន សែន បរិបូណ៍ ក្នុង អំឡុងឆ្នាំ ២០០០-២០០២ ។ ក្នុងឋានៈព្រះអង្គជាប្រធានសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំង បានរៀបចំសមាគមមនុស្សចាស់ស្រុកបរិបូណ៍និងស្រុករលាប្អៀរ ដោយមានលោកយាយ លោកតា ចូលរួម ជាសមាជិក សមាជិកា ក្នុងពាក្យស្លោក ចាស់ជួយក្មេង ក្មេងជួយចាស់ ។ តាមកម្មវិធីហាត់ប្រាណមនុស្សចាស់ ដើម្បីសុខភាព វិធីអប់រំផ្លូវចិត្ត និងការដាំដំណាំផ្សេងៗ សម្រាប់ឧបត្ថម្ភក៍ដល់ជរា ដែលគ្មានទីពឹងនៅតាមវត្ត និងតាមគេហដ្ឋាននានា ។ បានដឹកនាំគណៈប្រតិភូសមាគមមនុស្សចាស់ខេត្តកំពង់ឆ្នាំង ទៅចូលរួមក្នុងកម្មវិធីរំឭកខួបសមាគមមនុស្សចាស់កម្ពុជា ១ តុលា នៅក្នុងព្រះបរមរាជវាំងចំនួន ៣ លើក និងនៅពហុកីឡាដ្ឋានជាតិអូឡាំពិកចំនួន១ លើក ។
   នៅថ្ងៃទី ២០ កុម្ភៈ ២០០២ ព្រះអង្គដំណើរការរៀបចំបង្កើតកម្មវិធីអប់រំសីលធម៌ក្រៅប្រព័ន្ធដល់សិស្សានុសិស្ស យុវជន យុវនារី ក្នុងវត្តនិងនៅតាមសាលារៀន ដោយលើកយកទ្រឹស្ដីព្រះពុទ្ធសាសនា មកពន្យល់ណែនាំដល់សិស្សានុសិស្សឱ្យយល់តម្លៃរបស់ព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី សេចក្ដីថ្លៃថ្នូររបស់សង្គម ចរិតលក្ខណៈសុភាពរាបសារបស់ជនជាតិខ្មែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ ថា ខ្មែរមានចរិតលក្ខណៈទន់ភ្លន់ តែរឹងមាំ ។ ដោយភាពល្បីល្បាញប្រកបដោយរីវភាពរបស់ព្រះអង្គ ក្នុង ២០០២ នោះផងដែរ អង្គការ ពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ដែលមានទីតាំងនៅខេត្តបាត់ដំបង បានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពអប់រំសីលធម៌ខាងលើនេះ ហើយក៏បង្កើតទៅជាសាខា អង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ មណ្ឌលពន្លៃ ដោយបានទទួលកុលបុត្រកុលធីតាឱ្យទៅចូលរួមក្នុងកម្មវិធីបំបួសកុលបុត្រជាសាមណេរនិងសីលវតី ដើម្បីអប់រំសីលធម៌នៅ វត្តអន្លង់វិល ខេត្តបាត់ដំបង ចំនួន៦វគ្គ ។ ក្នុងនោះ បានចូលគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងចំនួន១វគ្គ ។ នៅឆ្នាំ ២០០៤ ព្រះអង្គបានដឹកនាំព្រះសង្ឃជួយរៀបចំសាលាបឋមសិក្សាពន្លៃ ដោយជួយកសាងដងទង់ជាតិ និងធ្វើរបងសាលារៀន ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានជួយដោះស្រាយបញ្ហាដីធ្លីសាលារៀន ដោយចំណាយ ថវិការបស់ព្រះអង្គផ្ទាល់ចំនួន ៧០០ដុល្លារ ដើម្បីទិញដីពង្រីបរិវេណសាលាឱ្យធំទូលាយ ។ នៅមានការងារសង្គមជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលព្រះអង្គបានចូលរួម ជាក់ស្ដែង ដូចជាការជួយជនរង់គ្រោះ ដែលមានរបួសដោយសារសង្គ្រាមខ្មែរក្រហម អ្នកជម្ងឺផ្សេងៗ ស្ត្រីឆ្លងទន្លេមិនរួច បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយរថយន្តផ្ទាល់របស់ព្រះអង្គ សរុបប្រមាណជា៤៥០នាក់ ហើយការជូនទៅកាន់មន្ទីពេទ្យនោះទៀតសោត ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយ! ព្រះអង្គតែង សណ្ដោសប្រោសប្រណីបន្ថែមទៀត  ចំពោះជនរង់គ្រោះទាំងឡាយ ដែលមានការខ្វះខាតថវិកាបង់ថ្លៃសេវាសង្គ្រោះ ព្រះអង្គជួយចេញជំនួស ដូចជាការជួយទិញឈាមនៅពេទ្យជាដើម ។ ទឹកព្រះទ័យដ៏បរសុទ្ធបែបនេះ មិនងាយនឹងរកបានឡើយ ។ សំខាន់ជាងនេះទៅទៀត ព្រះអង្គបានជួយឧបត្ថម្ភក៍ក្នុងការបង្កើតសមាគមគ្រួសារសពចំណុះជើងវត្តពន្លៃ ដែលមានព្រះអង្គគង់ជាប្រធានកិត្តិយស ហើយព្រះអង្គបានបរិច្ចាគថវិការបស់ព្រះអង្គចំនួន ១៣០.០០០៛ សម្រាប់ទ្រទ្រង់សមាគម ហើយព្រះអង្គបានជម្រុញសមាគមឱ្យទិញគោយន្តមួយគ្រឿងតម្លៃ ២៨០០ដុល្លារ សម្រាប់ដឹកសព នៅពេលក្រុមគ្រួសារណាមួយក្នុងសមាគមបានស្លាប់ និងជួយដល់អ្នកដទៃមិនបានចូលរួមក្នុងសមាគម ។ ព្រះអង្គ បានជួយដល់យុវជនស្ម័គ្រចិត្តឃុំពន្លៃ បង្កើតជាហិបសង្គហសាមគ្គីធម៌ សម្រាប់ជួយដល់គ្រួសារអ្នកកើតជម្ងឺអេដស៍ និងការចុះបំពេញការងារអំពីវិធានការការពារជម្ងឺអេដស៍ក្នុងនិងក្រៅឃុំ ។ ក្រៅពីការជួយដូចបានរៀបរាប់ខាងលើ ព្រះអង្គបាននិមន្តទៅចូលរួមក្នុងពិធីបុណ្យឆ្លង សហស្សវត នៅប្រទេសថៃ និងទៅសិក្សាវិបស្សនាធុរៈនៅ វត្តព្រះធម្មកាយ ប្រទេសថៃ ចំនួន ២វគ្គ និមន្តទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីការអភិវឌ្ឍន៍ព្រះពុទ្ធសាសនា និងអាណាចក្រ នៅក្រុងភ្នំពេញ ក្រុងកំពង់សោម សៀមរាប ស្វាយរៀង និងខេត្តក្រចេះ ។ល។ ជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រសួង មន្ទីរ នានា ដើម្បីផ្ដល់និងទទួលបទពិសោធន៍ អំពីការដឹកនាំ និងការអភិវឌ្ឍន៍ សម្រាប់យកមកដឹកនាំ កសាងក្នុងនិងក្រៅស្រុក ឱ្យមានការរីកចម្រើន...។ នៅមានភារកិច្ចបម្រើព្រះពុទ្ធសាសនា និងសង្គមជាច្រើនទៀត ដែលមិនបានយកមករៀបរាប់ឱ្យបានពិស្ដារ នេះគ្រាន់តែលើកយកចំណុចសំខាន់ៗតែ ប៉ុណ្ណោះ ។






   ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់ជាទីស្រឡាញ់!
   ព្រះតេជគុណ ញាណសារោ ហេង គឹមហុន តាំងតែពីព្រះអង្គទទួលបព្វជារហូតទទួលឋានៈខ្ពង់ខ្ពស់ជា វិន័យធរអនុគណស្រុកបរិបូណ៍ និងជាព្រះគ្រូចៅអធីការវត្តពន្លៃមក ព្រះអង្គមានការព្យាយាម និងបំពេញតួនាទី ដើម្បីដឹកនាំពុទ្ធបរិស័ទឱ្យប្រតិបត្តិសេចក្ដីល្អ ពោលគឺ ណែនាំមហាជនឱ្យធ្វើសេចក្ដីល្អសម្រាប់ខ្លួនឯងផង និងសង្គមផង ធ្វើចិត្តឱ្យស្ងប់រម្ងាប់ប្រាសចាកលោភៈ ទោសៈ មោហៈ ព្រមទាំងឱ្យមានបញ្ញាជាក់ច្បាស់ក្នុងសង្ខារទៀតផង ។ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រះអង្គពុំដែលមានពេលវេលាសម្រាកឡើយ ព្រះអង្គតែងតែដើរតួជាអ្នកស្ថាបនាសង្គមតាមរយៈការផ្សព្វផ្សាយព្រះធម៌ ព្រហ្មចរិយ ធម៍ ជាពិសេសព្រះអង្គតែងតែជួយយកអាសាអ្នកដទៃ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការផ្សេងៗឡើយ ថែមទាំងមិនដែលទាមទារសារគុណពីអ្នកដទៃ ជួយការពាររកយុត្តិធម៌ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ស្ទើរតែគ្រប់ទីកន្លែងដោយព្រះទ័យស្មោះស្មើ និងជ្រះថ្លាជាទីបំផុត ។

   តែអកុសល នៅថ្ងៃ ៤ កើត ខែ ផល្គុន ឆ្នាំ រកា ព.ស ២៥៤៩ ត្រូវនឹងថ្ងៃ សុក្រ ទី ៣ ខែ មិនា ឆ្នាំ ២០០៦ វេលាម៉ោង ១៦.១៥នាទី ព្រះអង្គបានទទួលអនិច្ចធម្មដោយកម្មក្ខ័យ ក្នុងព្រះជន្មាយុ ៤២ ព្រះវស្សា ។ ធ្វើឱ្យមន្ត្រីសង្ឍស្រុក សិស្សគណ ពុទ្ធបរិស័ទ បងប្អូន ញាតិមិត្តជិតឆ្ងាយគ្រប់ជាន់ថ្នាក់ ក្នុងនិងក្រៅប្រទេស មានសេចក្ដីតក់ស្លុតអួលអាក់រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហើយដំណឹងនេះ ប្រែក្លាយទៅជាដំណឹងទុក្ខសោក និងអាឡោះអាល័យរកទីបំផុតគ្មាន ។ សម្លេងទ្រហោយំឮកងរំពងលាន់ ឮពេញទីអារាម វត្តពន្លៃ ព្រោះការឃ្លាតចាករបស់ព្រះអង្គនៅពេលនេះ គឺជារបត់ផ្លូវដ៏វែងឆ្ងាយ ព្រះ អង្គលែងនិមន្តមកជួបយើងជាញាតិមិត្តទៀតហើយ...។

គួរអនិច្ចាណាស់! ព្រះអង្គទទួលអនិច្ចធម្មដោយអកាលមរណៈនេះ កាលពីមុន ពួកយើងទាំងអស់គ្នា ធ្លាប់បានបំពេញបុណ្យកុសលនៅទីនេះ ធ្លាប់មានសោមនស្សរីករាយ ធ្លាប់បានជួបព្រះភ័ក្ត្រ ធ្លាប់បានប្រាស្រ័យទាក់ទង សាកសួរអំពីធម៌អាថ៌ផ្សេងៗ ធ្វើឱ្យពួកយើងជាពុទ្ធបរិស័ទ មានការចងចាំមិនភ្លេច ព្រះកាយវិកាដ៏រស់រវើករបស់ព្រះអង្គ ដែលធ្លាប់តែមានវីរភាពរស់រវើកនោះ ពេលនេះ ប្រែក្លាយជាសាកសពគ្មានវិញ្ញាណ ធ្វើឱ្យពួកយើងខ្ញុំជាពុទ្ធបរិស័ទ មានទឹកមុខស្រពាប់ស្រពោនស្រយ៉ុត ស្រយ៉ង់រកទីបំផុតគ្មាន ។







   អធុវំ មេ ជីវិតំ ធុវំ មេ មរណំ ជីវិតរបស់មនុស្សទាំងឡាយមិនទៀងទេ តែសេចក្ដីស្លាប់របស់មនុស្ស ទៀងពិតប្រាកដ ។ ទោះបីព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងយ៉ាងនេះក៏ដោយ តែពួកយើងទាំងអស់គ្នា ជាបុថុជ្ជន នៅមិនទាន់អស់ចិត្តនៅឡើយ ព្រោះមនោសញ្ចេតនារបស់ពួកយើងជាសិស្សគណ បាននឹង កំពុងដឹតជាប់កាយវិកា និងសកម្មភាពគ្រប់បែបយ៉ាងរបស់ព្រះអង្គ ដែលមានកន្លងមក ។ ជាពិសេស កាលដែលពួកយើងបានស្ដាប់នូវដំបូន្មានល្អៗ របស់ព្រះអង្គ ក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ ។ ការទទួលអនិច្ចធម្មរបស់ព្រះគ្រូ ញាណសារោ ហេង គឹមហុន នៅពេលនេះ គឺជាការបាត់បង់ធនធាន ព្រះសង្ឃជាធម្មកោវិទមួយអង្គ ដែលក្នុងមួយជីវិតរបស់ព្រះអង្គនេះ ព្រះអង្គបានលះបង់និងបូជានូវ ព្រះកាយឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដោយព្រះទ័យជ្រះថ្លាដ៏បរិសុទ្ធ ព្រមទាំងលះបង់កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញាចែករម្លែកនូវចំណេះដឹង ណែនាំសីលធម៌សង្គម មានព្រហ្មវិហារធម៌ ផ្ដល់នូវភាពកក់ ក្ដៅដល់សិស្សគណ និងពុទ្ធបរិស័ទស្ទើរគ្រប់មជ្ឈដ្ឋានទូទៅ ក្នុងនិងក្រៅស្រុកបរិបូណ៍ទាំងមូល ។

ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែឆ្ងាយទៅៗ បានន័យថា ព្រះតេជគុណ ញាណសារោ ហេង គឹមហុន បានឃ្លាតចាកឆ្ងាយពីយើង ឬថា យើងទាំងអស់គ្នា ឃ្លាត ឆ្ងាយពីព្រះអង្គគ្មានថ្ងៃជួបវិញឡើយ ។

     ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់ជាទីស្រឡាញ់! ជាទីបញ្ចប់នៃប្រវត្តិរូបសង្ខេបរបស់ព្រះគ្រូ ញាណសារោ ហេង គឹមហុន នេះ ខ្ញុំសូមលើកបុញ្ញរាសី ដែលកើតអំពីការជ្រះថ្លារបស់ញាតិញោមជាពុទ្ធបរិស័ទ បងប្អូន សិស្សគណ បានធ្វើនៅក្នុងឱកាសនេះ សូមឧទ្ទិសប្រគេនចំពោះព្រះសព ទោះបីបដិសន្ធិវិញ្ញាណរបស់ព្រះអង្គទៅបដិសន្ធិនៅកន្លែងណា សូមព្រះអង្គរីករាយអនុមោទនា ចំពោះបុណ្យកុសល ដែលពុទ្ធបរិស័ទ បងប្អូន សិស្សគណ បានធ្វើនៅក្នុងពេលនេះ សូមទ្រទ្រង់ព្រះអង្គទៅកាន់ទីដ៏ខ្ពង់ខ្ពស់ កាលបើព្រះអង្គបានសម្រេចទីដ៏ ខ្ពង់ខ្ពស់ហើយ សូមព្រះអង្គត្រឡប់ក្រោយឱ្យពរសព្ទសាធុការដល់ញាតិញោមជាពទ្ធបរិស័ទ បងប្អូន សិស្សគណ ឱ្យជួបតែសេចក្ដីសុខ-ចម្រើន ។ ម្យ៉ាងទៀត សូមញាតិញោម ព្រះគុណម្ចាស់បានទទួលចំណែកបុណ្យជាសុខ-ចម្រើន រកស៊ីមានបាន មានសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអនុមោទនា! សូមអនុមោទនា! សូមអនុមោទនា!
សាធុ! សាធុ! សាធុ!

ថែរក្សាដោយ ឈួន វណ្ណារ័ត្ន
សិស្សជំនិតរបស់ព្រះអង្គ


Thursday, November 12, 2015

រូបថតអនុស្សាវរីយ៍

https://www.facebook.com/                                         
*-រូបថតពិសីស្រីជូនដល់បង                         ទុកជាចំណងចងអនុស្សា
ភ្ជាប់ចិត្តភក្ដីដើម្បីស្នេហា                             នៅក្នុងតម្រាចារយើងទាំងពីរ                 ។
*-រូបមួយសន្លឹកនឹកបងបើកមើល                  គយគន់ប្រមើលសម្រស់ឆវី
បងលួចញញឹមថាអូនគ្មានពីរ                       អូនជានារីល្អគ្រប់លក្ខិណា                     ។
*-មានរូបថតស្ងួនដូចអូននៅជិត                    ទោះយប់ងងឹតមិនព្រួយសោះណា៎
ព្រោះមានរូបអូននៅគ្រងរក្សា                       សត្រូវប្រហារបងមិនខ្លាចភ័យ                ។
*-រូបថតនួនល្អងឲ្យបងបានស្បើយ                ក្រៀមក្រំល្ហែល្ហើយស្រាយពីហ្ឬទ័យ       
ទោះបីការងារលំបាកធ្ងន់ក្ដី                          កាលឃើញភ័ក្ដ្រស្រីការងារស្រស់ស្រាយ ។
*-រូបថតនួនល្អងចងចិត្តភក្ដី                          ភ្ជាប់លើរូបស្រីមិងឲ្យឃ្លាតឆ្ងាយ
ភ្ជាប់ទាំងចិត្តស្ម័គ្រលើស្រស់ឆោមឆាយ         ភ្ជាប់ទាំងចិត្តកាយស្មោះតែអូនមួយ         ។

                                                               និពន្ធដោយ លោកបង​ វណ្ណារ័ត្ន